kkk

BREAKING

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ព័ត៌មានលម្អិត

ក្រសួងទេសចរណ៍ គាំទ្រការប្រើប្រាស់ប្រព័ន្ធឌីជីថល និង AI ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

ក្រសួងទេសចរណ៍ គាំទ្រការប្រើប្រាស់ប្រព័ន្ធឌីជីថល និង AI ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

 (ស្ទឹងត្រែង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្ត និងគាំទ្រគំនិតផ្តួចផ្តើមថ្មីៗក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីផ្សព្វផ្សាយគោលដៅ និងសក្តានុពលទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយ ងាយស្រួលសម្រាប់ភ្ញៀវទេសចរ និងឆ្លើយតបនឹងនិន្នាការទេសចរណ៍សម័យថ្មី។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោក ហួត ហាក់ អនុញ្ញាតឱ្យលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង លោក ឈួន សម្បត្តិ អគ្គនាយកក្រុមហ៊ុន Angkor Media Cambodia និងជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមទេសចរណ៍កម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីរាយការណ៍អំពីស្ថានភាពទេសចរណ៍ និងទិសដៅការងារបន្តក្នុងការទាក់ទាញវិនិយោគលើវិស័យទេសចរណ៍ខេត្តស្ទឹងត្រែង ព្រមទាំងធ្វើបទបង្ហាញអំពីគម្រោងផែនទីឌីជីថលបង្ហាញគោលដៅទេសចរណ៍កម្ពុជាទំនើប ដែលជាកិច្ចសហការរវាងវិនិយោគិនខ្មែរ និងបរទេស។

ក្នុងជំនួបនេះ តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីគម្រោងអភិវឌ្ឍ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ឌីជីថល រួមមាន ផែនទីឌីជីថលអន្តរកម្ម ឯកសារផ្សព្វផ្សាយទេសចរណ៍ និងផលិតផលឌីជីថលគាំទ្រដល់វិស័យទេសចរណ៍ ជាពិសេសនៅតាមគោលដៅសំខាន់ៗ ដូចជា ខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តតាមបណ្តោយទន្លេមេគង្គ រួមទាំងខេត្តស្ទឹងត្រែង ដើម្បីសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការស្វែងយល់ពីប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ និងតំបន់បេតិកភណ្ឌនានារបស់កម្ពុជា។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត ដែលបានផ្តួចផ្តើម និងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យមកស្វែងយល់ពីសក្តានុពលទេសចរណ៍ និងឱកាសវិនិយោគក្នុងខេត្តស្ទឹងត្រែង។

លោកបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ខេត្តស្ទឹងត្រែងត្រូវបានចាត់ទុកជាតំបន់មួយដែលមានសក្តានុពលទេសចរណ៍សំខាន់ ជាពិសេសផ្នែកអេកូទេសចរណ៍ និងទេសចរណ៍ក្នុងភូមិភាគឦសាន ដែលអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការភ្ជាប់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលអាចបង្កើតបទពិសោធន៍ថ្មីៗ ជួយសម្រួលដល់ការរៀបចំដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ និងលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ឆ្លាតវៃ (Smart Tourism Destination) ដែលមានភាពទាក់ទាញ និងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។

លោកបានបញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមនេះជាឧទាហរណ៍ជាក់ស្តែងនៃកិច្ចសហការរវាងរដ្ឋ និងឯកជន ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមាននវានុវត្តន៍ ចីរភាព និងស្របតាមនិន្នាការទេសចរណ៍សម័យថ្មី៕