ក្រសួងពាណិជ្ជកម្មរកឃើញម្ចាស់ភាគហ៊ុនជាង ៣០នាក់ ជាប់ក្នុងបញ្ជីប្រផេះ ក្នុងនោះ៧នាក់ ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ
(ភ្នំពេញ)៖ លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តាមរយៈយុទ្ធនាការជំរុញឱ្យក្រុមហ៊ុននានា ធ្វើការតម្កល់ប្រតិវទន៍ប្រចាំឆ្នាំ ក្នុងរយៈពេល៦ខែចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មបានរកឃើញបុគ្គលជាម្ចាស់ភាគហ៊ុនជាង៣០ជាប់ក្នុងបញ្ជីប្រផេះរបស់សហរដ្ឋអាមេរិក ក្នុងនោះ៧នាក់ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។
លោក បួន សារៈមុនី គូសបញ្ជាក់បែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម» នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
លោក បួន សារៈមុនី បានបញ្ជាក់ថា ក្នុងចំណោមបុគ្គលចំនួន៣៤នាក់ ដែលត្រូវបានរកឃើញនៅក្នុងបញ្ជីប្រផេះ និងមានភាពសង្ស័យនៅក្នុងប្រព័ន្ធតាមច្បាប់របស់សហរដ្ឋអាមេរិក មាន៧ នាក់ត្រូវបានកំណត់ថា ជាបទល្មើសឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ បន្ទាប់ពីបានរកឃើញក្រសួងពាណិជ្ជកម្មបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយតម្រូវឲ្យបុគ្គលទាំងនោះផ្ទេរភាគហ៊ុនចេញពីក្រុមហ៊ុននៅកម្ពុជា។ ក្នុងករណីមិនផ្ទេរ ក្រុមហ៊ុននោះនឹងត្រូវរំលាយចោល បន្ទាប់ពីដោះស្រាយបំណុលពន្ធរួច។
វិធានការរបស់ក្រសួងពាណិជ្ជកម្ម ស្របតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសយ៉ាងច្បាស់ថា កម្ពុជាយកជម្រើសតែមួយគត់ គឺ «សេដ្ឋកិច្ចស» ហើយមិនមែនជាប្រទេសដែលក្រុម Scam អាចស្នាក់នៅបានឡើយ។
ទន្ទឹមគ្នានេះ ដើម្បីពង្រឹងការងារនេះ ក្រសួងបានទិញប្រព័ន្ធត្រួតពិនិត្យលំដាប់ខ្ពស់មួយពីសហរដ្ឋអាមេរិក ដែលធនាគារធំៗជាច្រើនកំពុងប្រើប្រាស់ ដើម្បីធ្វើការត្រួតពិនិត្យប្រវត្តិ (background check) របស់ម្ចាស់ភាគហ៊ុនក្រុមហ៊ុនទាំងអស់ មុននឹងអនុញ្ញាតឲ្យចុះបញ្ជីពាណិជ្ជកម្ម។
លោក បួន សារៈមុនី បានបញ្ជាក់ថា ក្នុងការពង្រឹងវិធានការនេះ ការតម្កល់ប្រតិវទន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលកំពុងរកស៊ីនៅកម្ពុជាមានសារៈសំខាន់ណាស់ ដែលប្រៀបដូចជាការធ្វើតេស្តសុខភាពប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដើម្បីធានាថាពួកគេមានសុខភាពល្អ និងចូលរួមសកម្មភាពសេដ្ឋកិច្ចពិតប្រាកដ ហើយម្ចាស់ភាគហ៊ុនជាប់ក្នុងបញ្ជីប្រផេះ ឬបញ្ជីខ្មៅ ។ ដូច្នេះហើយ ទើបក្រសួងបន្តលើកលែងពិន័យប្រតិវេទន៍នេះ រហូតដល់ដើមខែមករា ឆ្នាំ២០២៧ ដើម្បីផ្តល់ឱកាសដល់ពាណិជ្ជករទាំងអស់ ធ្វើបច្ចុប្បន្នភាពប្រតិវេទន៍របស់ខ្លួន ស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ចមួយប្រកបដោយតម្លាភាព និងភាពស្អាតស្អំ។
លោកបន្ថែមថា ក្រសួងមានការព្រួយបារម្ភចំពោះក្រុមហ៊ុនដែលចុះបញ្ជីច្រើន ប៉ុន្តែមិនបានចូលរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ច ឬចុះបញ្ជីដើម្បីទទួលបានអត្ថប្រយោជន៍ដោយខុសច្បាប់៕ប្រភព៖https://m.freshnews.com.kh/localnews/443737-2026-10-09-09-04-13







