kkk

BREAKING

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ព័ត៌មានលម្អិត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រារព្ធពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក និងប្រគល់ពានរង្វាន់ការប្រកួតប្រជែង រចនាតែមប្រិ៍ប្រៃសណីយ៍ លើកទី១ ឆ្នាំ២០២៦

 

ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ៩ តុលា ២០២៦ ក្រោមប្រធានបទ “បណ្តាញប្រៃសណីយ៍មួយ លទ្ធភាពគ្មានដែនកំណត់” (One Postal Network, Infinite Possibilities) និងពិធីប្រគល់ពានរង្វាន់ការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍ លើកទី១ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តី ក.ប.ទ. មន្ទីរទាំង២៤ខេត្ត ប្រៃសណីយ៍កម្ពុជា តំណាងក្រសួងស្ថាប័ន ប្រតិបត្តិករប្រៃសណីយ៍ និងនិសិ្សតសរុបចំនួន ៣០០នាក់។

ប្រធានបទ “បណ្តាញប្រៃសណីយ៍មួយ លទ្ធភាពគ្មានដែនកំណត់” នេះបានរំលឹកយើងថា វិស័យប្រៃសណីយ៍មិនមែនត្រឹមតែជាលិខិត និងកញ្ចប់ឥវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាហេដ្ឋារចនាសម្ព័ន្ធសេវាកម្មរូបវន្ត និងឌីជីថលដ៏ធំបំផុតមួយរបស់ពិភពលោក។

ក្នុងនាមជាអ្នកបម្រើសេវា បុគ្គលិកប្រៃសណីយ៍បានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ មិនថាយប់ឬថ្ងៃ និងមិនថាមេឃស្រឡះឬរភ្លៀង។

បុគ្គលិកប្រៃសណីយ៍បានចូលរួមតភ្ជាប់សហគមន៍ទាំងនៅទីក្រុងនិងជនបទ តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចនានាគាំទ្រដល់សកម្មភាពអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម និងសម្រួលដល់ការរីកចម្រើននៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ជាមួយគ្នានេះ ឯកឧត្តម ឯក វណ្ណឌី បានលើកឡើងថា ដើម្បីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកឆ្នាំ២០២៦ ក.ប.ទ. បានរៀបចំ និងដាក់ឱ្យប្រើប្រាស់សមិទ្ធិផលសំខាន់ៗ ចំនួន ៣ ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះវិស័យប្រៃសណីយ៍ក្នុងការច្នៃប្រឌិត និងការចាប់យកបច្ចេកវិទ្យា រួមមាន (១) ការចេញផ្សាយតែមប្រិ៍ប្រៃសណីយ៍អបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ២០២៦ ដែលជានិមិត្តសញ្ញានៃការតភ្ជាប់ ការឯកភាព និងការគ្មានដែនកំណត់នៃបណ្តាញប្រៃសណីយ៍ (២) ការដាក់ឱ្យសម្ពោធគេហទំព័រស្វែងរកព័ត៌មានលេខកូដប្រៃសណីយ៍ ឬ Postal Code Searching Homepage គឺអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាជីវកម្ម និងអ្នកនាំសំបុត្រអាចស្វែងរក ផ្ទៀងផ្ទាត់ និងប្រើប្រាស់កូដប្រៃសណីយ៍ជាផ្លូវការបានយ៉ាងងាយស្រួល និង (៣) ពានរង្វាន់ជ័យលាភីការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍ ឆ្នាំ២០២៦ គឺជាលើកទី១ ដែលបានចាប់ផ្តើមទូទាំងប្រទេស ដោយមានការចូលរួមពីសិល្បករ និងសិស្សានុសិស្ស ដើម្បីបង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួនក្នុងការបកស្រាយពីសាមគ្គីភាពជាតិក្នុងនៅពេលឧបត្ថម្ភជូនវីរៈកងទ័ពជួរមុខ។

គណៈកម្មការដែលមានសមាសភាពពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអង្គភាពពាក់ព័ន្ធ បានវាយតម្លៃ និងជ្រើសរើសជ័យលាភីចំនួន ៣រូប គឺ (១) ពានរង្វាន់សាមគ្គីភាពជាតិ ទទួលបានមេដាយមួយ និងទឹកប្រាក់ ២លានរៀល ហើយគំនូរនឹងត្រូវបោះពុម្ពជាតែមប្រិ៍ប្រៃសណីយ៍ (២) ពានរង្វាន់ទេពកោលស្យសិល្បៈ ទទួលបានមេដាយមួយ និងទឹកប្រាក់ ២លានរៀល និង (៣) ពានរង្វាន់ច្នៃប្រឌិត ទទួលបានមេដាយមួយ និងទឹកប្រាក់ ២លានរៀល៕អត្ថបទដោយ Nou Seyha