kkk

BREAKING

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ព័ត៌មានលម្អិត

ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ៖ ការអភិវឌ្ឍទីក្រុងឱ្យរីកចម្រើនទាមទារឱ្យមានការចូលរួមសហការពីគ្រប់តួអង្គពាក់ព័ន្ធ


(ភ្នំពេញ)៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានថ្លែងថា ទីក្រុងអាចរីកចម្រើនទៅបាន គឺត្រូវមានការសហការពីគ្រប់តួអង្គពាក់ព័ន្ធ ព្រមទាំងបានស្នើឱ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រឱ្យកាន់តែច្រើនបន្ថែមទៀត។

ការថ្លែងនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់ខណ្ឌចំការមន និងសង្កាត់ទាំង៥។

លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានឱ្យដឹងថា សិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់សង្កាត់/ខណ្ឌ ត្រូវបានរៀបចំឡើងស្របតាមផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំរបស់ខណ្ឌ និងសង្កាត់។ ក្នុងនោះ ចាំបាច់ត្រូវមានការចូលរួមគាំទ្រ ដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ដោយប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព។

លោកបានបន្ថែមថា រដ្ឋបាលខណ្ឌ និងសង្កាត់ រៀបចំគម្រោងផែនការអភិវឌ្ឍន៍ទទួលបានជោគជ័យ ក៏ដោយសារមានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរ-អង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានាផងដែរ។

លោក ហ៊ុន សុរិទ្ធី បានថ្លែងថា ការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់សង្កាត់ និងខណ្ឌនាពេលនេះ មានគោលបំណងផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៧ របស់រដ្ឋបាលខណ្ឌ និងសង្កាត់ ព្រមទាំងស្នើសុំការគាំទ្រគម្រោងពីមន្ទីរ-អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន។ ដំណើរការសមាហរណកម្មនេះ គឺជាយន្តការគន្លឹះមួយនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

លោកអភិបាលរង ក៏បានសម្តែងការអបអរសាទរចំពោះលទ្ធផលគាំទ្រយ៉ាងល្អប្រសើរ ក្នុងអង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ និងខណ្ឌនាពេលនេះ។ ជាមួយគ្នានេះ លោកបានជំរុញឱ្យខណ្ឌ និងសង្កាត់ ត្រូវធ្វើការពិគ្រោះយោបល់ឱ្យបានល្អិតល្អន់ ដើម្បីធានាថា គម្រោងវិនិយោគបីឆ្នាំរំកិលនេះ មានលក្ខណៈស៊ីចង្វាក់គ្នារវាងតម្រូវការរបស់មូលដ្ឋាន និងគោលនយោបាយយុទ្ធសាស្ត្រថ្នាក់ជាតិ និងរាជធានីភ្នំពេញ។

បន្ថែមពីនេះ លោកអភិបាលរងរាជធានីភ្នំពេញ បានផ្តល់អនុសាសន៍ណែនាំដល់បណ្តាមន្ទីរ-អង្គភាពជំនាញ និងអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍន៍ ដែលបានជួយគាំទ្របណ្តាគម្រោងអភិវឌ្ឍន៍នានារបស់ខណ្ឌ និងសង្កាត់ ព្រមទាំងបានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នរួចរាល់ ត្រូវរៀបចំបញ្ចូលគម្រោងដែលបានគាំទ្រទាំងនោះ ទៅក្នុងផែនការសកម្មភាពរបស់មន្ទីរ-អង្គភាពនីមួយៗរៀងៗខ្លួន។ ព្រមទាំងត្រូវអនុវត្តតាមផែនការសកម្មភាពការងារ និងកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលបានចុះហត្ថលេខារួចឱ្យបានច្បាស់លាស់។ ចំពោះការអនុវត្តគម្រោង ត្រូវបន្តកិច្ចសហប្រតិបត្តិការ និងពិភាក្សាបន្ថែមជាមួយបណ្តាខណ្ឌ-សង្កាត់ ដោយខិតខំអនុវត្តឱ្យបានទាន់ពេលវេលាកំណត់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើន៕