អភិបាលខេត្តពោធិ៍សាត់៖ សមិទ្ធផលខេត្តពោធិ៍សាត់ល្បីរន្ទឺដល់ថ្នាក់ជាតិ ព្រោះតែកម្លាំងសាមគ្គីភាព និងការខិតខំប្រឹងប្រែងរួមគ្នា
(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងបញ្ជាក់ថា សមិទ្ធផលទាំងឡាយ ដែលខេត្តពោធិ៍សាត់ទទួលបានរហូតមានភាពល្បីរន្ទឺដល់ថ្នាក់ជាតិ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាគឺជាផ្លែផ្អែកើតចេញពីកម្លាំងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការខិតខំប្រឹងប្រែងរួមគ្នាជាធ្លុងមួយ យ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
លោកអភិបាលខេត្ត បានលើកឡើងបែបនេះ នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ ក្នុងពិធីជួបសំណេះសំណាល និងចែកជូនវត្ថុកំដរដៃ សម្រាប់ចូលរួមបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ សរុបចំនួន ១៨០នាក់។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងអាណត្តិដឹកនាំខេត្ត រយៈពេលជិត៤ឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តបានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការជាក់ស្តែងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យមានសោភ័ណភាពស្រស់បំព្រង បរិស្ថានស្អាត និងសណ្តាប់ធ្នាប់ល្អប្រសើរ។ សមិទ្ធផលគួរឱ្យមោទនភាពទាំងនេះ មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានក្តីរំភើប និងមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើការកោតសរសើរយ៉ាងខ្លាំង និងណែនាំជាផ្លូវការឱ្យបណ្តាខេត្តដទៃទៀតយកគំរូតាម ជាពិសេសលើកិច្ចការងារអនាម័យបរិស្ថាន ការដោះស្រាយបញ្ហាសំរាម និងការដាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈ នៅតាមទីប្រជុំជន និងជនបទផងដែរ។
លោក ខូយ រីដា ក៏បានឆ្លៀតឱកាសគូសបញ្ជាក់យ៉ាងមុតមាំផងដែរថា រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែផ្តោតសំខាន់លើការរីកចម្រើនខាងសេដ្ឋកិច្ច និងការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រកាន់ខ្ជាប់នូវជំហរ មិនធ្វេសប្រហែសជាដាច់ខាត ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិមាតុភូមិ។
ជាមួយគ្នានោះលោកអភិបាលខេត្ត បានធ្វើការអំពាវនាវយ៉ាងទទូចដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តជឿជាក់ និងគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយឈរលើគោលការណ៍សន្តិវិធី និងយន្តការច្បាប់អន្តរជាតិ ដើម្បីធានាបាននូវសុខសន្តិភាព និងស្ថិរភាពយូរអង្វែង។
ក្នុងកាសអបអរសាទរបុណ្យប្រពៃណីជាតិដ៏ធំបំផុតនេះ លោក ខូយ រីដា បានផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរដោយសុខសុវត្ថិភាព ដើម្បីបានជួបជុំក្រុមគ្រួសារ និងបំពេញកុសលផលបុណ្យក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រកបដោយក្តីក្សេមក្សាន្ត និងសុភមង្គលគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ ទាំង១៨០នាក់ បានទទួលអំណោយជាវត្ថុកំដរដៃ សម្រាប់យកទៅចូលរួមបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយក្នុងម្នាក់ៗទទួលបាន ថវិកា ៤០ម៉ឺនរៀន និងអង្ករ ២០គីឡូក្រាម៕

























