kkk

BREAKING

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ព័ត៌មានលម្អិត

ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់​ទំនាក់ទំនងរវាង​វិស័យ​ឯកជនកម្ពុជា-ប៉ូឡូញ

 

(ភ្នំពេញ)៖ លោកស្រី សិរីវឌ្ឍនា អ៊ីវ៉ា (Iwona Kmiecik) ស្ថាបនិក និងជាប្រធានក្រុមហ៊ុន IM Capital Holding បានប្តេជ្ញាជំរុញការតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា និងប៉ូឡូញ។

លោកស្រីបញ្ជាក់បែបនេះ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាពនាព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោកស្រីអគ្គនាយិកាក្រុមហ៊ុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់​ការវិនិ​យោគ ដែលធ្វើឱ្យប្រតិបត្តិការអាជីវកម្ម និងគម្រោងនានារបស់ក្រុមហ៊ុនដំណើរការ​ទៅយ៉ាង​រលូន, ជោគជ័យ និងបន្តវិវឌ្ឍទៅមុខជាលំដាប់។ លោកស្រីបានបន្តថា ជាមួយនឹងសុខ​សន្តិ​ភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់វិនិយោគិន បានផ្ដល់ទំនុកចិត្តយ៉ាងរឹងមាំដល់ជនបរទេស និងវិនិយោគិនអន្តរជាតិ។

បន្ថែមលើនេះ លោកស្រីក៏បានគូសបញ្ជាក់អំពីផែនការពង្រីកការវិនិយោគ​របស់ក្រុមហ៊ុន​ក្នុង​វិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា ដោយមានគម្រោងពង្រីកការវិនិយោគ​របស់​ខ្លួនទៅកាន់តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត។ ជាមួយនឹងកំណើននៃ​ចំណាប់​អារម្មណ៍កាន់តែច្រើនរបស់ក្រុមហ៊ុន និងសហគ្រាសប៉ូឡូញមកលើទីផ្សារកម្ពុជា, លោកស្រី​ក៏បានគោរពស្នើសុំការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា លើគំនិតផ្ដួចផ្ដើមក្នុង​ការរៀប​ចំវេទិ​កាធុរកិច្ចប៉ូឡូញ-កម្ពុជា និងការបង្កើតសភាពាណិជ្ជកម្មប៉ូឡូញ-កម្ពុជា​នាពេលខាង​មុខ ដើម្បីផ្សារភ្ជាប់វិស័យឯកជនរវាងប្រទេសទាំងពីរ​ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។

សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់​លោកស្រី​អគ្គនាយិកាក្រុមហ៊ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃ​ប្រទេស​ទាំង​ពីរ តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់ធុរកិច្ច។ សម្តេចមហាបវរធិបតី បានគូស​រំលេចពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា, ជាមួយនឹងគោល​នយោ​បាយ​គាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដូចជា​ការ​ធ្វើទំនើបកម្មឌីជីថល​ក្នុងវិស័យទេសចរណ៍ និងអន្តោប្រវេសន៍ ដែលរួមមានការដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធទិដ្ឋា​ការ​អេឡិចត្រូនិក​( E-Visa) និងច្រកទ្វារអន្តរជាតិស្វ័យប្រវត្តិ (Smart Gates) នៅតាមអា​កាស​យានដ្ឋានអន្តរជាតិរបស់កម្ពុជា​ ដែលសុទ្ធតែជាកត្តាអំណោយផលដល់ការវិនិយោគក្នុង​វិស័យទេសចរណ៍។

សម្តេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យ​លទ្ធភាពក្នុងការបង្កើត​កញ្ចប់​ទេសចរណ៍ចម្រុះ និងទូលំទូលាយ ដែលតភ្ជាប់អ្នកទេសចរឱ្យហួសពីតំបន់កោះ និងឆ្នេរ​សមុទ្រ ឆ្ពោះទៅកាន់ប៉ូលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍នៅកម្ពុជា ស្របពេលដែល​រាជរដ្ឋា​ភិបាល​កំពុងផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ដ៏សម្បូរបែប​របស់ខ្លួនទៅ​កាន់​ពិភព​លោក។

សម្តេចមហាបវរធិបតី បានសម្តែងការស្វាគមន៍ចំពោះការគ្រោងដំណើរទស្សន​កិច្ចរបស់​គណៈប្រតិភូធុរកិច្ចប៉ូឡូញមកកាន់កម្ពុជានាពេលខាងមុខ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន IM Capital Holding បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ពន្ធកម្ពុជា, ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាទេសចរណ៍កម្ពុជា ដើម្បីពិភាក្សាលម្អិតបន្ថែម សំដៅប្រែក្លាយផែនការ និងគំនិតផ្តួចផ្ដើមខាង​លើឱ្យទៅជា​សកម្ម​ភាពជាក់ស្ដែង និងធានាបាននូវភាពជោគជ័យរបស់ក្រុមហ៊ុនសម្រាប់រយៈពេលវែង៕