កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ចែកអំណោយ និងរៀបចំអាហារសាមគ្គី ជូនក្រុមសិល្បៈពន្លឺកុមាររុនតាឯក
កាកបាទក្រហមកម្ពុជា ក្រោមការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាននាំយកអំណោយមនុស្សធម៌ គ្រឿងឧបភោគបរិភោគ យានយន្ត និងរៀបចំអាហារសាមគ្គីយ៉ាងឆ្ងាញ់ពិសារ ជូនដល់ក្រុមសិល្បៈពន្លឺកុមាររុនតាឯក ស្ថិតក្នុងក្រុងរុនតាឯក ខេត្តសៀមរាប ដើមី្បផ្តល់កម្លាំងចិត្ត និងសម្រាលបន្ទុកជីវភាព ក្នុងការចូលរួមថែរក្សាសិល្បៈវប្បធម៌បុរាណខ្មែរ។
នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័ណ ៖ អគ្គលេខាធិការរងទី១ រួមជាមួយក្រុមការងារទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ៖ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ផ្តល់អំណោយ និងរៀបចំអាហារមួយពេលដ៏ឆ្ងាញ់ពិសារ ជូនដល់ «ក្រុមសិល្បៈពន្លឺកុមាររុនតាឯក» ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងរុនតាឯក ខេត្តសៀមរាប។
បើតាមការឱ្យដឹងពី លោក ឌៀប ណារី ស្ថាបនិក និងជាអ្នកគ្រប់គ្រងក្រុមសិល្បៈពន្លឺកុមាររុនតាឯក បានឱ្យដឹងថា ៖ ក្រុមសិល្បៈនេះ ត្រូវបានបង្កើតឡើងតាំងពីចុងឆ្នាំ២០២៣ ដើមី្បជួយសម្រួល និងផ្តល់ឱកាសដល់កុមារក្រីក្រ កុមារកំព្រា និងកុមារងាយរងគ្រោះ ឱ្យមានឱកាសទទួលបានការអប់រំ និងហាត់រៀនសិល្បៈវប្បធម៌បុរាណ-ប្រពៃណីខ្មែរ ឱ្យកាន់តែល្បីរន្ទឺសុះសាយ និងបង្ហាញទៅកាន់ទេសចរដែលមកទស្សនាក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ដែលជាទីកន្លែងប្រកបដោយក្តីស្រឡាញ់ ក្រោមគំនិតផ្ដួចផ្ដើមបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
លោកបានបន្តថា បច្ចុប្បន្នមជ្ឈមណ្ឌលមានសិស្សសរុប ២៨១នាក់ ក្នុងនោះស្នាក់នៅ និងហូបចុកក្នុងមជ្ឈមណ្ឌលផ្ទាល់ចំនួន ៤០នាក់។ កន្លងមក ការដំណើរការមណ្ឌលនេះ មានការខ្វះខាតជាច្រើន ទាំងកន្លែងហាត់រៀន អាហារហូបចុក ឧបករណ៍សម្តែង សម្ភារសិក្សា និងមធ្យោបាយធ្វើដំណើរ រហូតដល់រូបលោក និងសិស្សត្រូវលក់អីវ៉ាន់ចាប់ហួយ និងបន្លែ ដើមី្បយកថវិកាមកទ្រទ្រង់ក្រុម។ ប៉ុន្តែនៅថ្ងៃនេះ ការតស៊ូជាច្រើនឆ្នាំ ត្រូវបានទទួលស្គាល់ និងដឹងឮដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយទទួលបានការចុះសួរសុខទុក្ខ ផ្តល់អំណោយ និងអាហារសាមគ្គី ដែលធ្វើឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សទាំងអស់ មានក្តីរំភើប និងមានកម្លាំងចិត្តបន្តបេសកកម្មនេះទៅមុខទៀត។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ ៖ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗទាំងអស់។ លោកជំទាវបានកោតសរសើរចំពោះការលះបង់របស់ លោកគ្រូ ឌៀប ណារី ដែលបានខិតខំទាំងបាតដៃទទេ ក្នុងការបង្ហាត់បង្រៀនកុមារ និងរួមចំណែកទប់ស្កាត់ការបោះបង់ការសិក្សា ព្រមទាំងថែរក្សាក្បាច់របាំបុរាណខ្មែរ។ លោកជំទាវបានបញ្ជាក់ថា បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជ្រាបព័ត៌មានភ្លាម លោកបានចាត់ក្រុមការងារចុះមកពិនិត្យ និងផ្តល់ការជួយសង្គ្រោះទាន់ពេលវេលា ដើមី្បសម្រាលទុក្ខលំបាក និងជាកម្លាំងចិត្តក្នុងការបន្តបណ្តុះបណ្តាលធនធានកុមារតទៅមុខ។
សូមបញ្ជាក់ថា នេះជាលើកទី១ ដែលកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូន «ក្រុមសិល្បៈពន្លឺកុមាររុនតាឯក» ដោយអំណោយដែលបានផ្តល់ជូននាពេលនេះរួមមាន៖ អង្ករ ៣តោន, អង្ករសុខភាព ១០កេស, មី ៥០កេស, ត្រីខ ៥កេស, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០យួរ, ប្រេងឆា ៥កេស, ភេសជ្ជៈ ៣០កេស, ទឹកបរិសុទ្ធ ៣០កេស, សាប៊ូកក់សក់ ៥កេស, សាប៊ូដុសខ្លួន ៥កេស, ផ្លែទំពាំងបាយជូរ ៧កេស និងថវិកាមួយចំនួន។ បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភ ម៉ូតូរ៉ឺម៉កសណ្តោង ១គ្រឿង សម្រាប់ដឹកជញ្ជូនសិស្ស។
ដោយឡែក លោកគ្រូ-អ្នកគ្រូ ១៥នាក់ ទទួលបានថវិកាក្នុងម្នាក់ៗ ២០ម៉ឺនរៀល, សិស្ស ២២០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល, ប៊ិច ២ដើម, អំណោយឃីត ១កញ្ចប់ (សារ៉ុង ក្រមា មុង ភួយ) និងថវិកា ៥ម៉ឺនរៀល ព្រមទាំងការរៀបចំអាហារសាមគ្គីចំនួន ២៥តុ ប្រកបរដោយបរិយាកាសរីករាយ និងស្នាមញញឹមយ៉ាងក្រៃលែង៕
អត្ថបទ: សំ ងីម




















